Find us at
Water Resources Management and Agro-ecological Transition for Cambodia
(WAT4CAM) Program
News
នៅព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ក្រុមទីប្រឹក្សាបច្ចេកទេសមាន (INFRA, ISWN, AGRI) នៃកម្មវិធី WAT4CAM នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការរៀបចំសិក្ខាសាលាខាងលើដើម្បីពិភាក្សា និងជ្រើសរើសតំបន់ព្រែក (Prek Development Area) ឬ (PDA) ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ជាប់ដងទន្លេមេគង្គ និងទន្លេបាសាក់ សម្រាប់រៀបចំផែនការអភិវឌ្ឍ។
សិក្ខាសាលានេះ ដឹកនាំដោយ លោក សែម សំណាង ប្រធានគ្រប់គ្រងកម្មវិធី WAT4CAM និងមានការចូលរួមពីក្រសួង មន្ទីរ និងអាជ្ញាធរដែនដីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់, ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ទីរធនធានទឹក និងឧតុនិយម, តំណាងអាជ្ញាធរស្រុកកៀនស្វាយ, ស្រុកស្អាង ជាដើម។
តំបន់ព្រែកចំនួន ៣៧ តំបន់ ដែលបានសិក្សាជាបឋមបានដាក់បង្ហាញជូនដោយក្រុមទីប្រឹក្សាបច្ចេកទេស ដើម្បីពិនិត្យ និងជ្រើសរើសជាតំបន់អតិភាពសម្រាប់ការសិក្សាលម្អិតបន្តក្នុងការរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍ។
ការជ្រើសរើសធ្វើឡើងផ្អែកលើវិធីសាស្ត្រចូលរួមវាយតម្លៃដាក់ពិន្ទុតាមសូចនាករបច្ចេកទេសចំនួន ៤ ៖
១- កម្រិតនៃការអភិវឌ្ឍន៍បច្ចុប្បន្ន
២- សារៈសំខាន់នៃកសិកម្ម
៣- ស្ថានភាពបរិស្ថាន, និង
៤- សក្ដានុពលនៃការអភិវឌ្ឍន៍
ជាលទ្ធផល ៣ តំបន់ត្រូវបានកំណត់ និងជ្រើសរើសជាតំបន់អាទិភាពសម្រាប់ការសិក្សា និងរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍ។
តំបន់ទាំងនោះមាន ៖
១- តំបន់ទី១ ក្នុងស្រុកកោះធំ (ផ្នែកខាងឆ្វេងទន្លេបាសាក់)
២- តំបន់ទី២ ក្នុងស្រុកលើកដែក (ផ្នែកខាងស្តាំទន្លេមេគង្គ)
៣- តំបន់ទី៣ ក្នុងស្រុកកោះធំ (ផ្នែកខាងស្តាំន្លេបាសាក់)
តំបន់ទាំងនេះនឹងសិក្សាបន្តដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍។
សិក្ខាសាលាបានបិទបញ្ចប់នៅរសៀលថ្ងៃដដែលក្រោមបរិកាសរីករាយ និងស្និទ្ធិស្នាល។