Find us at

ឯកឧត្តម លឹម គានហោ បានអនុញ្ញាតឱ្យលោកស្រី Ophile BOURHIS  នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ប្រចាំកម្ពុជា ដែលនឹងត្រូវចប់បេសកកម្មការងារ ចូលជួបជម្រាបលា និងលោកស្រី Sandrine Boucher នឹងត្រូវមកទទួលការងារជានាយិកាថ្មី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

News

ឯកឧត្តម លឹម គានហោ បានអនុញ្ញាតឱ្យលោកស្រី Ophile BOURHIS  នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ប្រចាំកម្ពុជា ដែលនឹងត្រូវចប់បេសកកម្មការងារ ចូលជួបជម្រាបលា និងលោកស្រី Sandrine Boucher នឹងត្រូវមកទទួលការងារជានាយិកាថ្មី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

រសៀលថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី Ophile BOURHIS នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ប្រចាំកម្ពុជា ដែលនឹងត្រូវចប់បេសកកម្មការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ ចូលជួបជម្រាបលា និងលោកស្រី Sandrine Boucher នឹងត្រូវមកទទួលការងារជានាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ថ្មីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ស្តីពីការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម នាទីស្ដីការក្រសួង ។

ក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងធនធានទឹក និងឧតុនិយម សំដែងនូវការសោកស្តាយដែលបានទទួលដំណឹងថា លោកស្រី Ophile BOURHIS នឹងចប់បេសកកម្មការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជានាខែក្រោយនេះ ។ ទន្ទឹមនេះ ក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលលោកស្រីសម្រេចបានក្នុងអាណត្តិបំពេញបេសកម្មនៅទីនេះ ជាពិសេស គឺការធ្វើឲ្យកាន់តែប្រសើរនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដែលមានទំនាក់ទំនងល្អជាប្រវត្តិសាស្ត្រយូរលង់មកហើយ និងសូមកោតសរសើរចំពោះការគាំទ្ររបស់រដ្ឋាភិបាលបារាំងតាមរយៈ AFD ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាលើការអភិវឌ្ឍវិស័យធនធនទឹក ។

លោកស្រី Sandrine Boucher ដែលនឹងត្រូវមកទទួលការងារថ្មីនាពេលខាងមុខនេះ បានបង្ហាញនូវសេចក្តីរីករាយ ដោយបានជួបពិភាក្សាការងារដោយផ្ទាល់ជាមួយឯកឧត្តមរដ្ឋមន្រ្តី នាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារលើវិស័យធនធានទឹក និងឧតុនិយម ដែលក្រសួងសម្រេចបាន ក៏ដូចជាកិច្ចការបន្តដែលត្រូវអនុវត្តក្នុងបេសកកម្មរួមចំណែកដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ចប្រទេសកម្ពុជាឲ្យបានកាន់តែប្រសើរថែមទៀត និងបានបង្ហាញនូវការប្តេជ្ញាចិត្តបន្តរួមចំណែកជួយ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យធនធានទឹក មានការវិវត្តន៍រីកចម្រើនតទៅមុខ ។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការដែល AFD ក៍ដូចជាសហគមន៍អឺរុប (EU) បាននឹងកំពុងគាំទ្រលើគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) ជំហានទី ១ ដែលបានអនុវត្តកាលពីឆ្នាំ ២០១៩ លើការងារកែលំអ និងជួសជុលស្តារឡើងវិញនូវព្រែកចំនួន ១៥ ក្នុងខេត្តកណ្តាល បានបញ្ចប់ជាស្ថាពរ, ការងារសាងសង់ប្រព័ន្ធធារាសាស្ត្រកង្ហតប្លុក A+B ក្នុងខេត្តបាត់ដំបង ការងារសម្រេចបានប្រមាណ ៣០% និងការងារសាងសង់ប្រព័ន្ធធារាសាស្ត្រសករាជ និងអូរកំបោរ ក្នុងខេត្តព្រះវិហារ ការងារសម្រេចបានប្រមាណ ១១% នៃផែនការសាងសង់ ។ ជាមួយគ្នានេះ ៣ កិច្ចសន្យានៃអនុគម្រោងបានដេញថ្លៃរួចរាល់ និងកំពុងបន្តកិច្ចដំណើរការចុះហត្ថលេខា ហើយ ៦ អនុគម្រោងកំពុងដំណើរការដេញថ្លៃ ។

ទន្ទឹមនឹងនេះដែរ ដើម្បីបន្តកិច្ចដំណើរការជំហានទី ២ ភាគីទាំងពីរបានផ្តោតលើការរៀបចំគម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រមួយចំនួននៅក្នុងខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ បាត់ដំបង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កណ្តាល និងខេត្តកំពង់ស្ពឺ ។