Find us at

លោក សែម សំណាង​ អញ្ជើញ​អមដំណើរ​គណៈប្រតិភូសហភាពអឺរ៉ុប ​​ចុះពិនិត្យ​បណ្តា​អនុគម្រោងប្រព័ន្ធធារាសាស្ត្រ នៃកម្មវិធីការគ្រប់គ្រង​ធនធានទឹក និង​ការផ្លាស់ប្ដូរ​កសិកម្ម​នៅកម្ពុជា​ ជំហានទី​១ ​ក្នុងខេត្តសៀមរាប​

News

លោក សែម សំណាង​ អញ្ជើញ​អមដំណើរ​គណៈប្រតិភូសហភាពអឺរ៉ុប ​​ចុះពិនិត្យ​បណ្តា​អនុគម្រោងប្រព័ន្ធធារាសាស្ត្រ នៃកម្មវិធីការគ្រប់គ្រង​ធនធានទឹក និង​ការផ្លាស់ប្ដូរ​កសិកម្ម​នៅកម្ពុជា​ ជំហានទី​១ ​ក្នុងខេត្តសៀមរាប​

នៅថ្ងៃ​អង្គារ ១១​រោច​ ខែ​កត្ដិក​ ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី​២៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤នេះ​​ លោក សែម សំណាង ប្រធាននាយកដ្ឋានទឹកស្អាត និង​អនាម័យ​ និង​ជា​ប្រធានគ្រប់គ្រងកម្មវិធីការគ្រប់គ្រងធនធានទឹក​និងការផ្លាស់ប្ដូរកសិកម្មនៅកម្ពុជា (WAT4CAM) ជំហានទី១ ក្នុងនាម​តំណាង​ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បានអញ្ជើញ​អម​ដំណើរគណៈប្រតិភូ​សហភាពអឺរ៉ុប​ដឹកនាំ​ដោយ​ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និង​សហការី​ ចុះ​បេសកកម្ម​​ពិ​និត្យអនុគម្រោងប្រព័ន្ធធារាសាស្ត្រគោគធ្លកលើ និងអនុគម្រោងប្រព័ន្ធធារាសាស្ត្រម្កាក់ នៃកម្មវិធីការ​គ្រប់គ្រងធនធានទឹក​និងការផ្លាស់ប្ដូរកសិកម្មនៅកម្ពុជា(WAT4CAM) ជំហានទី១​ ក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប​។

សូមជម្រាបថា​ បេសកកម្មចុះពិនិត្យអនុ​គម្រោង​ប្រព័ន្ធធារាសាស្ត្រ​​នាពេលនេះ​ មានការចូលរួមពីតំណាងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ តំណាងក្រសួង​អភិវឌ្ឍ​ន៍​ជនបទ​​ ​​ប្រធានមន្ទីរធនធានទឹក​ និងឧតុនិយម​ខេត្តសៀម​រាប​ និងតំណាងទីប្រឹក្សាបច្ចេកទេស​ជាតិ​ និងអន្តរជាតិ​ ព្រមទាំងក្រុមការងារសហគមន៍​កសិករ​ប្រើប្រាស់ទឹក​ និងសហគមន៍កសិកម្មទំនើ​បជាច្រើននាក់ផងដែរ​។

លោកប្រធាននាយកដ្ឋានបានបញ្ជាក់ឱ្យដឹងថា​ នៅក្នុង​តំបន់អនុគម្រោងទាំងពីរនេះ​ មានការកសាងហេដ្ឋា​រចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រមួយពេញលេញ​​ មានទឹកសម្រាប់ស្រោចស្រព​ដំណាំកសិកម្ម មានទឹកស្អាតសម្រាប់ប្រើ​ប្រាស់ប្រចាំថ្ងៃ​ មានវិធីសាស្រ្តដាំដុះកសិកម្មទំនើប​ មាន​ការកែប្រែគុណភាពដី​​ធ្វើ​ឱ្យដីមានជីជាតិ​ល្អ​ ​និង​កាត់បន្ថយ​ការ​ប្រើ​ប្រាស់​ជីគីមី​ធ្វើឱ្យទទួលបានទិន្នផលស្រូវខ្ពស់​។

ទន្ទឹមនឹងនេះ​ លោក សែម សំណាង​ បានបញ្ជាក់បន្ថែមថា​ ក្នុងតំបន់​នោះក៏​​មានផ្លូវជនបទខ្វាត់ខ្វែង​ ដែល​បង្កលក្ខណ:ងាយស្រួល​សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្មទៅ​កាន់​ទីផ្សារ​ ​ស្របតាមអាទិភាពគន្លឹះទាំងប្រាំ​ នៃកម្មវិធីគោលនយោបាយ និង​យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល​ នីតិកាលទី៧ នៃរដ្ឋសភា​ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចកវិទ្យា។

សូមបញ្ជាក់ថា​​ កម្មវិធី​ការគ្រប់គ្រងធនធានទឹក​និងការផ្លាស់ប្ដូរកសិកម្មនៅកម្ពុជា(WAT4CAM)​ ជំហានទី១ បាន​ទទួល​ហិរញ្ញ​ប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងជំនួយឥតសំណង​របស់សហភាពអឺរ៉ុប​ (EU) ហើយ​កម្មវិធីនេះ​បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅជនបទ​​ឱ្យមានជីវភាពរីកចម្រើ​ន៕​