Find us at

លោក សែម សំណាង អញ្ជើញអមដំណើរក្រុមបេសកកម្មទីភ្នាក់ការងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ចុះពិនិត្យវឌ្ឍនភាពកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្ម WAT4CAM ជំហានទី១ ក្នុងខេត្តបាត់ដំបង និងខេត្តព្រះវិហារ

News

លោក សែម សំណាង អញ្ជើញអមដំណើរក្រុមបេសកកម្មទីភ្នាក់ការងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ចុះពិនិត្យវឌ្ឍនភាពកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្ម WAT4CAM ជំហានទី១ ក្នុងខេត្តបាត់ដំបង និងខេត្តព្រះវិហារ

នៅថ្ងៃសុក្រ-អាទិត្យ ១០-១២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧-៩ ខែកម្ភៈ ឆ្នាំ២០២៥ នេះ លោក សែម សំណាង ប្រធាននាយកដ្ឋានទឹកស្អាត និងអនាម័យ និងជាប្រធានគ្រប់គ្រងកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា WAT4CAM ជំហានទី១ ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញអមដំណើរលោកស្រី Alexia HOFMANN ប្រធានក្រុមបេសកកម្មទីភ្នាក់ការងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ចុះពិនិត្យវឌ្ឍនភាពការអនុវត្តកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា WAT4CAM ជំហានទី១ នៅក្នុងខេត្តបាត់ដំបង និងព្រះវិហារ។

សូមជម្រាបថា ក្នុងដំណើរចុះបេសកកម្មនេះក៏មានការចូលរួមពីឯកឧត្តម ស្រ៊ុន សុខុម ជានាយកតំណាងសមាសភាគទី៤ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងទីប្រឹក្សាបច្ចេកទេសជាតិ-អន្តរជាតិ (TA-INFRA, TA-ISWM&TA-AGRI) តំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ និងក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងសហគមន៍កសិករប្រើប្រាស់ទឹក និងសហគមន៍កសិកម្ម ជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ ក្រុមបេសកកម្មនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) បានជួបសំណេះសំណាល និងពិភាក្សាជាមួយតំណាងសហគមន៍កសិករប្រើប្រាស់ទឹក និងសហគមន៍កសិកម្ម ដើម្បីស្វែងយល់អំពីការអនុវត្ត និងពីការយល់ដឹង ក្រោយពីបានឆ្លងកាត់វគ្គបណ្តុះបណ្តាលកសាងសមត្ថភាព ដើម្បីគ្រប់គ្រង និងកិច្ចដំណើរការរបស់សហគមន៍កសិករប្រើប្រាស់ទឹក និងសហគមន៍កសិកម្ម ព្រមទាំងការយល់ដឹងអំពីនីតិវិធីនៃការបង្កើត ការចងក្រង ការរៀបចំផែនការដាំដុះ ផែនការស្រោចស្រព ផែនការថែទាំប្រព័ន្ធ ដើម្បីធានានិរន្តរភាព។

ទន្ទឹមនឹងនេះ ក្រុមបេសកកម្មនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានផ្តាំផ្ញើដល់សហគមន៍កសិករប្រើប្រាស់ទឹក និងសហគមន៍កសិកម្ម ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត និងស្នើសុំឱ្យមានការចូលរួមរបស់អាជ្ញាធរដែនដី ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ ការថែទាំប្រព័ន្ធធារាសាស្ត្រ និងចូលរួមថែរក្សាសមិទ្ធផលថ្មីនេះឱ្យមាននិរន្តរភាព៕