Find us at

ឯកឧត្តម​ ចាន់​ យុត្ថា​ ពិនិត្យការដ្ឋានជួសជុលច្រាំងស្ទឹងមង្គលបុរី ត្រង់ចំណុចផ្នែកខាងក្រោមសំណង់កាត់ស្ទឹងតាហែន

News

ឯកឧត្តម​ ចាន់​ យុត្ថា​ ពិនិត្យការដ្ឋានជួសជុលច្រាំងស្ទឹងមង្គលបុរី ត្រង់ចំណុចផ្នែកខាងក្រោមសំណង់កាត់ស្ទឹងតាហែន

នៅរសៀលថ្ងៃអង្គារ ១១កេីត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ចាន់​ យុត្ថា​ រដ្ឋលេខាធិការ ក្រសួងធនធានទឹក​ និងឧតុនិយម​ និងក្រុមការ​ងារគម្រោង WAT4CAM បានអញ្ជើញចុះពិនិត្យការដ្ឋានជួសជុលច្រាំងស្ទឹងមង្គលបុរី ត្រង់ចំណុចផ្នែកខាងក្រោមសំណង់កាត់ស្ទឹង តាហែន ស្ថិតនៅក្នុងឃុំតាហែន ស្រុកបរវេល ខេត្តបាត់ដំបង។ 

ច្រាំងស្ទឹងមង្គលបុរី ត្រង់ចំណុចខាងលើ បានទទួលរងនូវការខូចខាតដោយសារទឹកជំនន់កាលពីឆ្នាំ២០២០ កន្លងទៅ ។ ដើម្បីជៀសវាងការ​ប៉ះពាល់ដល់តួសំណង់មេ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមការងារសហការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការជួសជុលឡើងវិញជាបន្ទាន់។ 

នៅក្នុងកំឡុងពេលចាប់ផ្ដើមសាងសង់បាតគ្រឹះសំណង់ លំហូរទឹកស្ទឹងមង្គលបុរីត្រូវបានកាត់ផ្ដាច់ ប៉ុន្តែដើម្បីជៀសវាងដើម្បីចៀសវាងនូវការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅផ្នែកខាងក្រោមសំណង់ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាឲ្យក្រុមការងារដំឡើងម៉ាស៊ីនបូមទឹកខ្នាត ០៣ តឹក ចំនួន ០៣ គ្រឿង ដើម្បីបូមទឹកបញ្ជូនទៅផ្នែកខាងក្រោម ។ ការងារសាងសង់បើកគ្រឹះសំណង់នេះ ត្រូវការពេលវេលាប្រមាណ ១០ ថ្ងៃទៀត ទើបរួចរាល់ ហើយអាចបើកឲ្យចរន្តទឹកស្ទឹងមង្គលបុរី ហូរជាប្រក្រតីឡើងវិញ ៕