Find us at
Water Resources Management and Agro-ecological Transition for Cambodia
(WAT4CAM) Program
News
នៅព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នាសាលប្រជុំរំដួល នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ក្បាលថ្នល់ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធី WAT4CAM ជាសហប្រធាន បានដឹកនាំកិច្ចប្រជុំត្រៀមចាប់ផ្តើមអនុវត្តគម្រោង (Kick-off meeting) ជាមួយលោក Matthieu Le Grix ប្រធាននាយកដ្ឋានទទួលបន្ទុកកសិកម្ម អភិវឌ្ឍន៍ជនបទ និងជីវៈចម្រុះ ប្រធានក្រុមបេសកកម្មបារាំងមកពីទីក្រុងប៉ារីស។
សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីលោកស្រី Sandrin BOUCHER នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) ប្រចាំកម្ពុជា តំណាងសហគមន៍អឺរ៉ុប តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តកណ្តាល និងទីប្រឹក្សាបច្ចេកទេសជាតិ-អន្តរជាតិរបស់កម្មវិធី WAT4CAM មានដូចជា TA-INFRA, TA-ISWM, TA-AGRI, CIRAD, IOWATER និងក្រុមការងារកម្មវិធី PMU-WAT4CAM សរុបចំនួន ៤៤នាក់។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា កិច្ចប្រជុំបច្ចេកទេសជាមួយក្រុមបេសកកម្មបារាំងនាពេលនេះ ដើម្បីពិនិត្យវាយតម្លៃពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីWAT4CAM ព្រមទាំងបញ្ហាប្រឈមនានា និងពិភាក្សាពីផែនការបន្ទាប់។
ក្នុងកិច្ចប្រជុំនេះ ក្រុមបេសកកម្មបារាំងបានស្នើសុំបួនចំណុច៖
១) ពន្លឿនការងារការសាងសង់រចនាសម្ព័ន្ធដែលបានសិក្សាហើយ
២) ជំរុញការដោះស្រាយផលប៉ះពាល់ និងការលើកកម្ពស់ការការពារបរិស្ថាន និងសុវត្ថិភាពសង្គម
៣) ជំរុញការរៀបចំ និងបណ្តុះបណ្តាលសហគមន៍កសិករប្រើប្រាស់ទឹក និងការរៀបចំនីតិវិធីផ្សេងៗ
៤) ជំរុញការងារការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងការដាំដុះ។
ជាមួយគ្នានេះដែរ ក្រុមការងារបេសកកម្មបារាំងក៏បានវាយតម្លៃខ្ពស់ និងបានថ្លែងនូវការកោតសរសើរដល់ក្រុមការងារអនុវត្តកម្មវិធី រួមទាំងក្រុមទីប្រឹក្សាបច្ចេកទេស ដែលបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបបានតាមកាលវិភាគ បើទោះបីជាមានបញ្ហាប្រឈមខ្លះៗ ដែលត្រូវបន្តពិភាក្សា និងដោះស្រាយ៕