Find us at
Water Resources Management and Agro-ecological Transition for Cambodia
(WAT4CAM) Program
News
នៅទីស្តីការក្រសួង នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមបេសកកម្មបារាំងមកពីទីក្រុងប៉ារីស ដឹកនាំដោយលោក Matthieu Le Grix ប្រធាននាយកដ្ឋានទទួលបន្ទុកការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងជីវចម្រុះ រួមជាមួយលោកស្រី Alexia Hofmann ប្រធានក្រុមការងារទទួលបន្ទុកគម្រោង លោកស្រី Sandrin BOUCHER នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា និងលោក Selim Riveill ជំនាញការផ្នែកបរិស្ថាន និងសុវត្ថិភាពសង្គម។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ និងអរគុណចំពោះប្រតិភូក្រុមបេសកកម្មបារាំងដែលបានឆ្លៀតពេលដ៏មមាញឹកក្នុងបេសកកម្មការងារ ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍នានាលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា និងបានថ្លែងអំណរគុណដល់ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ជាពិសេសសាធារណៈរដ្ឋបារាំងដែលតែងតែជួយគាំទ្រដល់ប្រទេសកម្ពុជាគ្រប់កាលៈទេសៈ និយាយដោយឡែកការចូលរួមចំណែកយ៉ាងធំធេងលើវិស័យធនធានទឹក និងឧតុនិយម។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់ប្រតិភូក្រុមបេសកកម្មបារាំងថា ក្រសួងធនធានទឹក និងឧតុនិយមកំពុងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹក ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលបានកំណត់យកទឹកជាវិស័យអាទិភាពមួយក្នុងចំណោមអាទិភាពគន្លឹះចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្មវិធីគ្រប់គ្រងធនធានទឹក និងផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា ជំហានទី១(WAT4CAM-1) ដែលកំពុងអនុវត្តនៅតាមបណ្តាខេត្តមួយចំនួន បានចូលរួមចំណែកក្នុងការឆ្លើយតបទៅនឹងបំរែបំរួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីផែនការរបស់ក្រសួងដែលបាននិងកំពុងរៀបចំផែនការយុទ្ធសាស្ត្រក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមសម្រាប់រយៈពេល ៥ឆ្នាំខាងមុខផងដែរ។
ក្នុងឱកាសជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ក្រុមការងារទាំងអស់សហការពន្លឿនការងារ គម្រោង WAT4CAM ជំហានទី១ ដែលកំពុងអនុវត្ត និងបានស្នើដល់ភាគីបារាំង ពិសេសទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) ពន្លឿនបញ្ចប់ការងារការសិក្សាស្ទឹងស្វាយចេក ដើម្បីឱ្យភាគីទាំងពីរ កម្ពុជានិងបារាំងអាចចុះហត្ថលេខាលើឯកសារ ហិរញ្ញប្បទាន ក្នុងត្រីមាសទី១ឆ្នាំ២០២៤។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានសូមឱ្យភាគីបារាំងផ្តល់ជំនួយឥតសំណងសម្រាប់ការសិក្សាគម្រោង WAT4CAM ជំហានទី២ បន្តទៀត។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភាគីបារាំង ជាពិសេសAFD ពីការចាត់តាំងក្រុមការងារឯកឧត្តមរដ្ឋលេខាធិការ ចាន់ យុត្ថា សម្រាប់ធ្វើកិច្ចការបន្តជាមួយ ដើម្បីពិភាក្សាអំពីការងារ និងផែនការជាអាទិភាព និងកិច្ចការងារសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ។
ប្រធានក្រុមបេសកកម្មបារាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានថ្លែងនូវការកោតសរសើរដល់ក្រុមការងារអនុវត្តកម្មវិធី រួមទាំងក្រុមទីប្រឹក្សាបច្ចេកទេសដែលបានអនុវត្តប្រកបដោយប្រសិទ្ធភាព បើទោះបីជាមានបញ្ហាប្រឈមខ្លះៗ ដែលត្រូវបន្តពិភាក្សា និងដោះស្រាយ។
ជំនួបពិភាក្សាការងារបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល ខណៈភាគីទាំងពីរបានបញ្ជាក់នូវជំហរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើន៕