Find us at

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ប្រចាំប្រទេសបារាំង និងប្រចាំតំបន់អាស៊ាន

News

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ប្រចាំប្រទេសបារាំង និងប្រចាំតំបន់អាស៊ាន

នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យអ្នកស្រី Marie-Hélène LOISON នាយិការងនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំប្រទេសបារាំង លោក Jean-Pierre MARCELLI អគ្គនាយកប្រចាំតំបន់អាស៊ាន ព្រមទាំងសហការី ចូលជួបពិភាក្សាការងារទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយម។

នៅក្នុងជំនួប ឯកឧត្តមរដ្ឋលេខាធិការបានជម្រាបជូនគណៈប្រតិភូអំពីចក្ខុវិស័យ និងឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ព្រមទាំងបានកំណត់នូវវិស័យអាទិភាពចំនួន ៥ មាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ឯកឧត្តមរដ្ឋលេខាធិការក៏បានជម្រាបជូនប្រតិភូបន្ថែមថា ក្រសួងធនធានទឹក និងឧតុនិយមក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ(២០២៤-២០២៨) ដោយផ្តោតលើការពង្រឹងសន្តិសុខទឹក ដើម្បីឆ្លើ់យតបទៅនឹងការប្រែប្រួលអាកាសធាតុ និងធានាបានចីរភាពបរិស្ថាន។

តំណាងភាគី AFD បានថ្លែងនូវការកោតសរសើរដល់ក្រសួងធនធានទឹក និងឧតុនិយមចំពោះការសហការកន្លងមក។ ជាមួយគ្នានេះ ក៏បានបញ្ជាក់អំពីវិស័យអាទិភាពរបស់ខ្លួនដែលផ្តោតលើការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍជនបទ។ ភាគី AFD ក៏បានបញ្ជាក់ពីជំហរបន្តការគាំទ្រកម្ពុជាលើវិស័យធនធានទឹកនិងការព្យាករអាកាសធាតុផងដែរ ទាំងហិរញ្ញវត្ដុ និងបច្ចេកទេស។

ក្នុងឱកាសនោះដែរ ក្នុងនាមក្រសួងធនធានទឹក និងឧតុនិយម និងក្នុងនាមឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការកន្លងមក ក៏ដូចជាមានគោលដៅយុទ្ធសាស្ត្រ និងអាទិភាពរួម និងស៊ីគ្នា រវាងកម្ពុជា និង AFD។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់ភាគីបារាំង ពិសេស AFD ដែលបាននិងបន្តការគាំទ្រលើអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា៕